វិធីសាស្ត្រដើម្បីកសាងកម្លាំងចិត្តឱ្យខ្លួនឯង

  • 2019-06-24 3:40:02
  • ចំនួនមតិ 0 | ចំនួនទស្សនា 1918


មនុស្សម្នាក់ៗតែងតែមានបញ្ហារៀងៗខ្លួនមិនថាតូចឬក៏ធំនោះទេ ព្រោះវាគឺជារឿងធម្មតានៃធម្មតជាតិនេះទៅហើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការទទួលស្គាល់ និង ហ៊ានប្រឈមដើម្បីដោះស្រាយនូវបញ្ហាអស់ទាំងនោះ។ ជារៀងរាល់ថ្ងៃមនុស្សតែងតែក្រោកឡើងជាមួយនឹងកាតព្វកិច្ចជាច្រើនដែលត្រូវសម្រេចឱ្យបាន ពេលខ្លះក៏ជួបនឹងភាពសប្បាយរីករាយ ហើយពេលខ្លះទៀតក៏ជួបនឹងបញ្ហាដែលធ្វើឱ្យពួកគេបាក់ទឹកចិត្ត មិនដឹងថាតស៊ូដើម្បីអ្វី? គំនិតអវិជ្ជមានរួមរឹតខួរក្បាល ស្ទើរតែបោះបង់ចោលអ្វីដែលខ្លួនកំពុងធ្វើ។ អាស្រយ័ហេតុនេះហើយទើប Business Record សូមលើកយកនូវអត្ថបទនេះមកសរសេរក្នុងគោលបំណងជួយលើកទឹកចិត្តយុវជនខ្មែរ និង ជាគំនិតខ្លះៗទុកគ្រាន់គិតពិចារណា៖

គិតពីលទ្ធផលចុងក្រោយ

ពេលខ្លះមនុស្សតែងតែគិតចង់បោះបង់កិច្ចការដែលខ្លួនកំពុងខិតខំធ្វើចោលពាក់កណ្ដាលទី ក៏ព្រោះតែពិបាកខ្លាំងនឹងការប្រឈមជាមួយនឹងបញ្ហាដែលកំពុងកើតឡើង។ ប៉ុន្តែមកដល់កន្លែងនេះ អ្នកត្រូវចាំថា កិច្ចការណាមួយក៏ដោយមុនទទួលបានជោគជ័យមិនមែនប្រើរយៈពេលតែមួយថ្ងៃ ឬមួយឆ្នាំនោះទេ គឺវាត្រូវប្រើពេលច្រើន ទាំងចំណេះជំនាញ និង ទាំងកម្លាំងកាយចិត្ត ដូចនេះចូរព្យាយាមរកមូលហេតុល្អៗដែលជំរុញឱ្យមានការចាប់ផ្ដើមមួយនេះឡើង ដូចជាការគិតពីលទ្ធផលចុងក្រោយដែលអ្នកបានដៅទុកជាដើម ដើម្បីជាការក្រើនរំលឹកឱ្យអ្នកសម្លឹងមើលឃើញពីផ្លែផ្កានៃកិច្ចមួយនោះ។ ចំណុចនេះក៏អាចជាកម្លាំងចិត្តក្នុងការជំរុញអ្នកឱ្យដើរទៅមុខបន្តទៀតដែរ។

អាចសម្រាកតែមិនអាចបោះបង់

មនុស្សក៏ចេះហត់ និង ចង់សម្រាក បើទោះបីជាមនុស្សយន្តក៏វាចេះអស់ថាមពល និង ចេះខូចដែរ អ៊ីចឹងហើយទើបពេលខ្លះអ្នកក៏ត្រូវមានពេលវេលាខ្លះសម្រាក់ដើម្បីសន្សំថាមពលទៅរិះរកយុទ្ធសាស្ត្រប្រយុទ្ធនឹងបញ្ហាបន្តទៀត។ កុំតឹងតែងចំពោះខ្លូនឯងពេកអី អ្វីៗនឹងល្អប្រសើរ ប្រសិនបើអ្នកនៅតែបន្តដើរទៅមុខ។

ដឹងពីកម្រិតនៃសមត្ថភាពរបស់ខ្លួន

ត្រង់ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាអ្នកត្រូវដឹងឱ្យច្បាស់ពីសមត្ថភាព និង លទ្ធភាពរបស់ខ្លួននៃការធ្វើកិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើនេះ។ ត្រូវដឹងថាខ្លួនដើរដល់ចំណុចណា? ហើយនឹងទៅកន្លែងណាទៀត?  ដោយរបៀបណា? និងជាមួយនរណាខ្លះ? ដើម្បីធ្វើឱ្យអ្នកអាចកំណត់ខ្សែជីវិតរបស់ខ្លួន និង កំណត់សកម្មភាពប្រចាំថ្ងៃរបស់អ្នកបានល្អ បើយឺតគួរបន្ថែមល្បឿន តែបើលឿនពេកក៏គួរពិនិត្យមើលម្តងទៀតដែរ ក្រែងមានចន្លោះប្រហោង។ ការដែលដឹងថាខ្លួនឯងកំពុងធ្វើអ្វី? ដើរដល់ណា? ជំហានបន្ទាប់ត្រូវទៅណា? គឺជាគន្លឹះមួយដែលជួយអ្នកដើម្បីរក្សាបាននូវកម្លាំងកាយចិត្តសម្រាប់បន្តដំណើរមួយនេះតទៅទៀត។

លើកទឹកចិត្ត

កុំធ្វើជាមនុស្សដែលចំាឱ្យអ្នកដទៃមកលើកទឹកចិត្តអ្នក តែអ្នកត្រូវតែជាមនុស្សម្នាក់ដែលចេះលើកទឹកចិត្តអ្នកដទៃ ឬខ្លួនឯងវិញ ព្រោះអ្នកនឹងរឹងមាំ ប្រសិនបើអ្នកកំពុងគិតបែបនេះ ហើយក៏កុំចាំអ្នកដទៃឯណាមកចាប់អារម្មណ៌ ឬ អង្គុយចាំតែលើកទឹកចិត្តអ្នកអី។ ត្រូវរៀនលើកទឹកចិត្តខ្លួនឯង ដោយផ្តល់ជារង្វាន់សម្រាប់ខ្លួនឯង ដូចជាការទិញរបស់ណាមួយដែលខ្លួនស្រឡាញ់ បរិភោពអាហារឆ្ងាញ់ៗ ឬ ចំណាយពេលសម្រាកជាដើម៕

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com