សញ្ញាដែលបង្ហាញថាអ្នកមិនអាចរួចផុតពីភាពក្រីក្រ

  • 2019-06-12 4:09:05
  • ចំនួនមតិ 0 | ចំនួនទស្សនា 1507


គ្មាន​នរណា​ម្នាក់​​ចង់​ក្លាយ​ជា​អ្នកក្រ​ទេនោះ តែយ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មនុស្ស​ម្នារជាច្រើន​ស្អប់​ភាព​ក្រីក្រ ហើយ​ពេញ​ចិត្ត​ពោះ​ភាព​មានបាន​ក្តី តែ​បើ​ពិនិត្យ​មើលពី​ស្ថានភាព​ជាក់ស្តែង អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺ​ស្ថិត​ក្នុង​ភាគរយ​តិចតួច​នៅ​ឡើយ ខណៈ​ចំនួន​អ្នក​ក្រ​វិញ​គឺ​មាន​​​​ច្រើន​នៅ​លើ​ពិភពលោក​នេះ។ ហើយខាងក្រោម​នេះ គឺ​ជា​សញ្ញា​មិន​ល្អ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគបានមាន​ដូច​ជា៖

ចាយច្រើន
នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើន​ តែង​និយម​ប្រើប្រាស់​សំភារៈ​ទំនើប​ៗ ដែល​មាន​តម្លៃ​ថ្លៃៗ។ សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់ ​គឺវាគ្មាន​បញ្ហា​នោះ​ទេ។ បញ្ហា​គឺ​ត្រង់ថា​អ្នកដែល​មិន​សូវ​មានលទ្ធភាព ព្រោះ​ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ប្រើប្រាស់​របស់​ទាំង​នោះ បើ​ទោះ​ជា​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក៏​ដោយ។ ប្រការ​នេះ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​អាច មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​អនាគត​នោះ​ទេ ព្រោះ​មិន​អាច​សន្សំ​ប្រាក់​សម្រាប់​ពេល​ចាំបាច់​បាន​ឡើយ។

មានបំណុលច្រើនពេក
ការ​ជំពាក់​ធនាគារ ឬនរណា​ម្នាក់ គឺ​ជា​រឿង​ជៀស​មិន​ផុតនោះទេ ទាំង​ក្នុង​ជីវិត​ឯកជន​ធម្មតា និងក្នុង​ពេល​ធ្វើ​អាជីវកម្ម។ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា ការ​ខ្ចី​លុយ​នោះគឺ​ធ្វើ​ឡើង​ក្នុង​ន័យ​អ្វី ហើយ​មាន​ផែន​ការ​ច្បាស់ លាស់ក្នុង​ការ​សង់​វិញ​ដែរ​ឬ​ទេ។ អ្នក​ខ្លះ​ខ្ចី​លុយ​គេ​ដើម្បីពង្រឹង​ជំនួញ​របស់​ខ្លួនឲ្យ​កាន់​តែ​រឹងមាំ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​ជំពាក់​លុយ​គេ​ជាច្រើន ដោយ​សារ​តែ​ការ​លេង​ល្បែង​ស៊ីសង​ផ្សេងៗ។

ពឹងផ្អែកលើអ្នកដទៃខ្លាំងពេក
ការ​ពឹង​ពាក់​អ្នក​ដទៃ គឺ ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទេ ដូច្នេះ​ត្រូវ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រាល់​ពេល​ដែល​អ្នក​ពឹង​អ្នក​ដទៃ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ ព្រោះ​វា​អាច​ទៅ​ជា​ទម្លាប់​មិន​ល្អ​មួយ ក្នុង​ការ​មិន​ព្យាយាម​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ ហើយ​បែរ​ជា​ពឹង​អ្នក​ផ្សេង​ឲ្យ​ជួយ​ទៅ​វិញ។ នៅពេល​ដែល​អ្នក​មិន​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​អស់​ពី​លទ្ធភាព​ទេ​នោះ អ្នក​នឹង​មិន​អាច​ឈោង​ចាប់​យក​ភាព​ជោគជ័យ​បាន​នោះ​ទេ ជា​ពិសេស​នៅ​ថ្ងៃ​មួយ​ដែល​គ្មាន​អ្នក​ជួយ។ ដូច្នេះ គួរ​ធ្វើ​កិច្ច​ការ​ឲ្យ​អស់​ពី​កម្លាំងកាយ និង កម្លាំង​ចិត្ត​សិន មុន​ពេល​ដែល​អ្នក​សម្រេច​ថា ពឹង​អ្នក​ដទៃ​ឲ្យ​ជួយ។

គ្មានមហិច្ឆតា 
មហិច្ឆតា គឺជា ចំណុច​ដ៏​សំខាន់​របស់​មនុស្ស​ក្នុង​ការ​សម្រេច​អ្វី​មួយ តែ​បើ​គ្មាន​មហិច្ឆតា​ទេ មនុស្ស​ភាគ​ច្រើន​មិន​សូវ​គិត​ចង់​ធ្វើ​អ្វី​ឡើយ ហើយ​បើ​ទោះបី​ជា​ធ្វើ ក៏​វា​មិន​មាន​ភាព​អស្ចារ្យ​អ្វី​ដែរ។ ជាក់ស្តែង​ណាស់ បើ​កាល​ណា​គេ​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ គេ​នឹង​ស្វែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី សម្រេច​គោល​ដៅ​របស់​ខ្លួន បើ​ទោះ​បី​ជា​មាន​ការ​លំបាក និង ត្រូវ​ចំណាយ​ពេល​វេលា​យូរ​យ៉ាង​ណា​ក្តី។

ជំហរមិនច្បាស់លាស់
បើ​អ្នក​មិន​មាន​គោល​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​ទេ វា​នឹង​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ខាត់​ពេល​វេលា។ នៅ​ពេល​ដែល​គ្មាន​គោល​ជំហរ​ច្បាស់លាស់ វា​ប្រាកដ​ណាស់​ថា អ្នក​នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ទេ តែ​គឺ​ជា​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្នក​ដទៃ​ទៅ​វិញ។ មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ឈរ​លើ​គោល​ការ​របស់​ខ្លួន​រហូត​ទេ ពោល​គឺ​ត្រូវ​ស្តាប់​អ្នកដទៃ​ខ្លះ​ផង​ដែរ តែ​ត្រូវ​តែ​សម្រេច​ចិត្ត​រាល់​ការងារ​អ្វីៗ​ដែល​ថ្លឹងថ្លែង​ឃើញ​ថា ពិត​ជា​ត្រឹមត្រូវ ហើយ​វា​នឹង​ជោគ​ជ័យ៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com