តើអ្វីទៅជាអាករលើតម្លៃបន្ថែម?

  • 2019-04-11 3:01:32
  • ចំនួនមតិ 0 | ចំនួនទស្សនា 2073


អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។ ទំនិញសំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ

  • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា

ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅៈ

  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន

អត្រាអាករលើតម្លៃបន្ថែមមានៈ

  • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
  • ០% សម្រាប់ការនាំចេញ

ការគណនាប្រាក់អាករត្រូវបង់ៈ

  • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា “អាករលើធាតុចូល”
  • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា “អាករលើធាតុចេញ”
  • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ – អាករលើធាតុចូល

អាករលើធាតុចូលដែលមិនអាចកាត់កងបានៈ

អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើៈ

  • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
  • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ

អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់៕

 

អត្ថបទ៖ បូ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com