តើពន្ធលើឈ្នួលផ្ទះ និងដីជាអ្វី?

  • 2019-04-08 2:56:13
  • ចំនួនមតិ 0 | ចំនួនទស្សនា 1412


ពន្ធលើឈ្នួលផ្ទះ និងដី គឺត្រូវបានកំណត់ទៅលើប្រាក់ឈ្នួល ដែលបានមកពីការជួលផ្ទះ និងដី ដែលប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ ក្នុងគោលបំណងដើម្បីជាគុណ ប្រយោជន៏ថវិកាថ្នាក់ជាតិ។

សំណង់ផ្សេងៗ

ដី សម្តៅដល់ដីដែលប្រើប្រាស់សម្រាប់នេសាទ យកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ ឬស្រែអំបិល។

អគារ សម្តៅដល់ ផ្ទះ រោងចក្រ ភណ្ឌាគារ ឬការិយាល័យ

ផ្ទះបណ្តែតទឹក សម្តៅដល់ ទូក កាណូត ឬកប៉ាល់ ដែលត្រូវបានប្រើប្រាស់ធ្វើជាលំនៅដ្ឋាន ឬអាជីវកម្មផ្សេងៗ

ការលើកលែងពន្ធ

ប្រាក់ឈ្នួលផ្ទះ និងដី ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណេញ នៃសហគ្រាសឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម ឬមុខរប​រពាណិជ្ជកម្មណាមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌ ត្រូវយកពន្ធលើប្រាក់ចំណូលតាមរបបពិត។

ប្រាក់ ដែលអ្នកជួលបានតម្កល់ទុកធ្វើជាប្រាក់ធានា ហើយនៅពេលចប់កិច្ចសន្យាជួលកម្មសិទ្ធិករ ត្រូវប្រគល់ប្រាក់នោះគ្រប់ចំនួនឱ្យអ្នកជួលវិញ ដែលមានប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០,០០០៛។

មូលដ្ឋានគិត និងអត្រាពន្ធ

មូលដ្ឋានគិត គឺត្រូវផ្អែកលើថ្លៃជួលដុលសរុបប្រចាំខែ

ថ្លៃជួលជុល សម្តៅលើតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យាជួល ឬតម្លៃដែលបានឯកភាពគ្នារវាងអ្នកជួល និងម្ចាស់កម្មសិទ្ធិ

ប្រាក់កក់ធានា មិនត្រូវបានរាប់បញ្ចូលក្នុងថ្លៃជួលជុលនេះទេ

ពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានអនុវត្តតាម អត្រា ១០% (ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិត គុណនឹង ១០%)

ការប្រកាស និងបង់ពន្ធ

អ្នកជាប់ពន្ធ ត្រូវបង់ពន្ធលើឈ្នួលផ្ទះ និងដីជារៀងរាល់ខែ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជួល ជូនទៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ចម្លងនៃកិច្ចសន្យាជួលនោះទៅជាមួយផងដែរ។ ពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃត្រូវប្រកាសជាលាយលក្ខណ៏អក្សរ ជូនទៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ ហើយលិខិតប្រកាសពន្ធទាំងអស់ ត្រូវមានចុះកាលបរិច្ឆេទ និងហត្ថលេខាឱ្យបានត្រឹមត្រូវ។ ក្នុងរយៈពេលកំណត់ ត្រូវបង់ពន្ធគ្រប់ចំនួននូវប្រាក់ពន្ធ និងប្រាក់ពិន័យដែលសាខាពន្ធដារខេត្ត-ខណ្ឌបានកំណត់។ ប្រសិនបើទ្រព្យសម្បត្តិអ្នកជាប់ពន្ធ កំពុងរងការបំផ្លិចបំផ្លាញ ឬអ្នកជាប់ពន្ធកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ការទូទាត់ប្រាក់ពន្ធនោះអាចពន្យារ ឬចំនួនទឹកប្រាក់ពន្ធត្រូរបានបន្ធួរបន្ថយ ឬអ្នកជាប់ពន្ធអាចរួចផុតពីការបង់ពន្ធនេះតែម្តង។

កម្មសិទ្ធិករ ត្រូវចេញបង្ហាន់ដៃទទួលប្រាក់នៅពេលទូទាត់ពីអ្នកជួល។ ប្រសិនបើកម្មសិទ្ធិការមិនព្រមបង់ពន្ធ អ្នកជួលមានភារកិច្ចទទួលខុសត្រូវដកប្រាក់ពន្ធនោះ ពីថ្លៃឈ្នួលប្រចាំខែដែលខ្លួនត្រូវបង់ឱ្យទៅកម្មសិទ្ធិករ ហើយត្រូវបង់ពន្ធទៅរដ្ឋបាលសារពើពន្ធ។ អ្នកជួលមានកាតព្វកិច្ចបង្ហាញបង្កាន់ដៃ ដែលខ្លួនទទួលបានពីកម្មសិទ្ធិករ ក៏ដូចជាព័ត៌មានផ្សេងទៀតអំពីការជួលទ្រព្យនោះ ជូនមន្រ្តីរដ្ឋបាលសារពើពន្ធ ដែលមានសមត្ថកិច្ចត្រួតពិនិត្យ៕

 

អត្ថបទ៖ បូ​ ទីន / អគ្គនាយកដ្ឋានពន្ធដារ

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com